សីលធម៌ភរិយា ចំពោះស្វាមី មាន ៥ ប្រការ សំរាប់អនុវត្តចំពោះស្វាមីខ្លួន គឺៈ
១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើល រៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាត អោយ សំអាតសំអាងជា ទើប ទេវតារក្សា ចំរើនសុខស្រីសួស្តី» ។
២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារ កិច្ចចំពោះបុគ្គលដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។
៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ ចាស់ត្រូវជួសជុល ប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ ។
ត្រង់នាទី ទី៣ នេះ នារីជាភរិយាត្រូវចងចាំពាក្យបុរាណថាៈ
«ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ចាស់ទុំបូរាណ បានពោលបញ្ជាក់ អោយនាងអោយអ្នក ចងចាំគ្រប់ប្រាណ។ សំណាបយោងដី រីឯស្រីៗ យោងប្រុស សាមាន្យ (សាមញ្ញ) ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចំរើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ » ។ « ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា » ។
៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាន នាទីជា « មេផ្ទះ, មេកិច្ចការជាធំក្នុងគ្រួសារ» ។