មនុស្សមួយចំនួនធំយល់ថាពាក្យ«ប្រមាថ និងប្រមាទ» ជាពាក្យតែមួយ មានន័យដូចគ្នា និងអ្នកខ្លះមិនដឹងថាពាក្យទាំងពីរនេះ ប្រើប្រាស់ក្នុងន័យខុសគ្នាផងទេ។
តាមការពន្យល់ក្នុងវចនានុក្រមខ្មែរ ពាក្យទាំងពីរនេះ ប្រើប្រាស់ក្នុងន័យខុសគ្នា។
ប្រមាថ ថ្នាក់ពាក្យជា ន. (សំ) មានន័យថា ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុកបុកម្នេញឲ្យគេលំបាក, ការមើលងាយគេ។ ប្រើជា កិ. ក៏បាន ដូចជា មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ។ មនុស្សប្រមាថចាស់ គឺមនុស្សមើលងាយចាស់។ ប្រមាថកាតទាន គឺមើលងាយបៀតបៀន ឲ្យគេខាតលាភខាតប្រយោជន៍។
ឯ ប្រមាទ នេះវិញ មានថ្នាក់ពាក្យជា ន. ដូចគ្នា (សំ, បា.បមាទ) មានន័យថា ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្តីប្រហែស, ការប្រហែសធ្វេស។ កិ. គឺ ភ្លេច, ធ្វេស, ប្រហែស។ «ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ»៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)