អង្គរបស់អ្នកជំនួញមាន ៣ គឺ៖ - Pheakdey Pheap

អង្គរបស់អ្នកជំនួញមាន ៣ គឺ៖

Share This

 អង្គរបស់អ្នកជំនួញមាន ៣ គឺ៖

១. ចក្ខុមាន ជាអ្នកមានបញ្ញាចក្ខុ

២.វិធុរោ ជាអ្នកមានព្យាយាមដ៏ប្រសើរ

៣.និស្សយសម្បន្នោ ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹង

សឹងមានពុទ្ធភាសិតសំអាងថា៖

តីហិ ភិក្ខវេ អង្គេហិ សមន្នគតោ បាបណិកោ នចិរស្សេវ តីហិ ឥធ ភិក្ខវេ បាបណិកោ ចក្ខុមា ច ហោតិ វិធុរោ ច និស្សយសម្បន្នោ ច ។

ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារដែលប្រកបដោយអង្គ ៣ គឺ ជាអ្នកមានបញ្ញាចក្ខុ១ ជាអ្នកមានព្យាយាមដ៏ប្រសើរ១ ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹង ១ មិនយូរប៉ុន្មាននឹងបានទៅជាអ្នកធំទូលាយដោយភោគសម្បត្តិ ។

ត្រង់អង្គទី១ ដែលថា “ជាអ្នកមានបញ្ញាចក្ខុ” នោះគឺត្រូវជាអ្នកមានប្រាជ្ញ ។ ហេតុដែលឱ្យកើប្រាជ្ញមាន ៣ យ៉ាង គឺការស្ដាប់ ១ ការគិត ១ ការចម្រើន ១, អ្នកដែលត្រូវការរកទ្រព្យដោយផ្លូវលក់ដូរឬដោយផ្លូវជំនួញ ត្រូវឧស្សាហ៍ស្ដាប់ពាក្យពន្យល់ ពាក្យទូន្មាន ដោយយកចិត្តទុកដាក់ អំពីសំណាក់អ្នកជំនួញឱ្យរឿយៗ ឱ្យដឹងបែបបទស្ទាត់ជំនាញក្នុងការជួញជាមុន ដូចដឹងថ្លៃទំនិញជាដើម, ត្រូវរៀនក្នុងសាលាបង្រៀនផ្លូវជំនួញ ឬត្រូវរៀនក្នុងផ្ទះអ្នកជំនួញណាមួយដែលគេស្ទាត់មកយូរហើយ កាលបើបានស្ដាប់បានរៀនដូចពោលមកនេះរមែងកើតប្រាជ្ញា ។ យ៉ាងនេះហៅថា ប្រជ្ញាកើតអំពីការស្ដាប់រៀន ។ ឯការគិតនោះ គឺអ្នកផ្សារឬអ្នកជំនួញត្រូវត្រិះរិះឈ្លេចឈ្លីរាវរកហេតុផលក្នុងការលក់ដូរ ឱ្យច្បាស់លាស់ ឱ្យយល់ប្រាកដថាចំណេញតិចច្រើនឬខាត បើគិតខ្លួនឯងមិនឃើញត្រូវសាកសួរអ្នកដែលធ្លាប់ចាត់ការជំនួញ ឱ្យស្រេចជាមុនសិនសឹមចាត់ការធ្វើដូចភាសិតបុរាណថា “គិតមុនសឹមគូរ” គឺការអ្វីៗក៏ដោយ ត្រូវគិតឱ្យដឹងខាតដឹងចំណេញជាមុនសឹមធ្វើ, កាលបើគិតត្រិះរិះយ៉ាងនេះជាដើម រមែងកើតប្រាជ្ញា ។ យ៉ាងនេះហៅថាប្រាជ្ញាកើតអំពីការគិត ។ ឯការចម្រើននោះ គឺការធ្វើរឿយៗ បើធ្វើម្ដងម្កាលមិនហៅថាចម្រើនទេ លុះត្រាតែធ្វើច្រើនដង ច្រើនគ្រា ឬធ្វើញយៗ ទើបហៅថាចម្រើន គឺធ្វើហើយធ្វើទៀតដរាបដល់ធ្លាប់នោះឯង,បើធ្លាប់ធ្វើការញយៗ ការនោះរមែងប្រាប់អ្នកធ្វើ ឱ្យយល់បន្ដិចម្ដងៗ ការមុនជាគំរូឱ្យការក្រោយ ដូចអ្នកធ្លាប់ធ្វើជំនួញណាមួយយូរមកហើយសេចក្ដីឆ្លៀវឆ្លាសតែងមកប្រាកដដល់ចិត្តគេ ឱ្យដឹងដល់ជំនួញឯទៀតផ្សេងៗ ជាលំដាប់ទៅបាន អ្នកមិនធ្លាប់ធ្វើ តែងមានសេចក្ដីងេងងោង មិនឈ្លាសក្នុងរឿងជំនួញទេ ទោះបីអ្នកដែលបានរៀនស្ទាត់ជំនាញ ក្នងសាលាជំនួញហើយក៏ដោយតែបើមិនទាន់បានធ្លាប់ធ្វើ ក៏មិនអាចដឹងការសព្វគ្រប់បាន លុះត្រាតែធ្លាប់ធ្វើរឿយៗ ទើបកាន់តែយល់ការច្រើនៗឡើង ។ យ៉ាងនេះ ហៅថាប្រាជ្ញាកើតអំពីការចម្រើន ។ អ្នកជំនួញដែលមានការស្ដាប់ ការរៀន ការចម្រើន ដូចពោលមកនេះ រមែងរកទ្រព្យសម្បត្តិបានធំទូលាយ ។

ទ្រង់អង្គទី២ ដែលថា “ជាអ្នកមានព្យាយាមដ៏ប្រសើរ” នោះ គឺអ្នកផ្សារឬអ្នកជំនួញត្រូវប្រកបដោយសេចក្ដីព្យាយាមការងារក្នុងផ្ទះ ការងារក្រៅផ្ទះ, ឯការចាត់ចែងការក្នុងផ្ទះនោះ គឺព្យាយាមត្រួតត្រាបញ្ជី ព្យាយាមត្រួតត្រារបស់ជាគ្រឿងលក់ដូរគ្រប់ជំពូកព្យាយាមរិះរកមធ្យោបាយរៀបចំផ្ទះសម្បែងយ៉ាងណាឱ្យខានតែបានស្អាតបាត ឱ្យមានរបៀបរៀបរយល្អប្លែកឱ្យស្ទុះខ្លោតជាងគេ ដើម្បីឱ្យអ្នកដំណើរឬអ្នកដើររកទិញទំនិញគេក្រឡេងមើលឃើញពីចម្ងាយចង់ដើរចូលទៅជិតឈ្ងោកមើលហើយមើលទៀត,ព្យាយាមរៀបរបស់តិចឱ្យគេ

មើលទៅឃើញច្រើនតែឱ្យមានរបៀបល្អ កុំដាក់តាមតែបាន បើនៅក្នុងទីដែលមានផ្ទះអ្នកលក់ដូរដូចគ្នាច្រើនត្រូវព្យាយាមសរសេរស្លាកឬផ្សព្វផ្សាយដំណឹងឱ្យគេបានដឹងច្រើនគ្នា ដើម្បីឱ្យគេស្គាល់ឈ្មោះខ្លួន និងស្គាល់ឈ្មោះទំនិញរបស់ខ្លួនថាមានអ្វីខ្លះដោយឆាប់រហ័ស នេះជាការងារក្នុងផ្ទះ ។ ចំណែកព្យាយាមចាត់ចែងការងារក្រៅផ្ទះនោះ គឺព្យាយាមរកទំនិញប្លែកៗ អំពីទីផ្សេងៗ ដែលជារបស់ត្រូវចិត្តជនានុជនមកទុកលក់ ឱ្យច្រើនបែបច្រើនយ៉ាងឬរបស់ណាដែលប្លែក ហើយយល់ឃើញថាជាទីនិយមរបស់មហាជន ដូចផ្លែឈើទុំដំបូង ឬទំនិញអ្វីដែលដល់ដំបូងជាដើមក៏ត្រូវព្យាយាមរកមកទុកក្នុងផ្ទះឱ្យបានមុនគេ ។ អ្នកលក់ដូរដែលមានព្យាយាមដូចបានពោលមកនេះ ជាដើមរមែងច្រើនទ្រព្យសម្បត្តិធំទូលាយដោយរហ័ស ។

ត្រង់អង្គទី ៣ដែលថា “ជាអ្នកសម្បណ៌ដោយបុគ្គលជាទីពឹង” នោះគឺអ្នកជំនួញត្រូវគប់រកមនុស្សដែលជាអ្នកមានទ្រព្យ មានយសសក្ដិ៍ជាមិត្តសម្លាប់ក្លើម្រាក់ឱ្យច្រើននាក់ទើបស្រួល ព្រោះអ្នកអស់នោះគេនឹងជួយផ្សាយជួយផ្ចុងផ្ដើមជួយចេញធនធានជាដើមទុន ជួយទំនុកបម្រុងក្នុងគ្រាដែលមានហេតុភេទផ្សេងៗ កើតឡើង ត្រូវជាអ្នកមានពាក្យសម្ដីស្រទន់ផ្អែមល្អែមពីរោះក្បោះក្បាយ រួសរាយរាក់ចៅរ៉ៅទៅរកជនានុជនដែលគេមក

រកខ្លួនឬខ្លួនទៅរកគេ កុំធ្វើឫកក្រអឺតក្រអោងចោងហោងកោងកាច ទើបអ្នកផងគេស្រឡាញ់ពេញចិត្តច្រើន ត្រូវជាមនុស្សមានគំនិតមានមារយាទសុចរិតស្លូតត្រង់ល្អ កុំជាមនុស្សមានឈ្មោះអាក្រក់ដោយលេងល្បែងផ្សេងៗមានល្បែងភ្នាល់ជាដើម ត្រូវជាអ្នកចាយទ្រព្យល្មមប្រមាណ កុំរិះពេកកុំកញ្ជះកញ្ជាយពេក ទើបអ្នកមានទ្រព្យច្រើនៗ គេហ៊ានជួយផ្ចុងផ្ដើមដោយកិច្ចផ្សេងៗ មានជួយទ្រព្យជាដើមទុនជាដើម ។ អ្នកជំនួញដែលមានបុគ្គលជាទីពឹងអាស្រ័យច្រើនរមែងចម្រើនទ្រព្យសម្បត្តិធំទូលាយដោយរហ័ស ។

ទោះអ្នកធ្វើស្រែក្ដី ចម្ការក្ដី ជំនួញក្ដី ការឈ្មួញក្ដី ការជាងក្ដី ដែលនឹងចម្រើនទ្រព្យសម្បត្តិធំទូលាយទៅបាន ក៏ដោយសារតែសេចក្ដីព្យាយាម និងសេចក្ដីឆ្លៀវឆ្លាសដូចពោលមកខាងដើមនេះដែរ ហេតុនេះ បានជាមានពុទ្ធភាសិតថា “ ឧដ្ឋាតា វិន្ទតេ ធនំ” អ្នកមានព្យាយាមរមែងបានទ្រព្យ” ។

ពុទ្ធភាសិតនេះសមនឹងខេមរភាសិតបុរាណថា “ ចេះពីរៀនមានពីរក ក្រពីខ្ជិល” ។

ចាក: អត្ថប្រទីប ( ម.ឧត្តមប្រីជា ចាប ~ពិន )